នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ស្ថានភាពភូមិ

ការរៀបចំបង្កើតភូមិថ្មី ការបង្រួម និងការរំសាយភូមិត្រូវ​បង្កើត​ឡើងដោយ​ប្រកាស​ក្រសួង​មហាផ្ទៃ ។​ នៅព្រះរាជាណាចក្រកម្ពុជា​មាន​ចំនួន ​១៣៦៩៤ភូមិ តាមប្រកាសលេខ ៤៩៣ប្រក ចុះ​ថ្ងៃទី៣០​ ខែមេសា​ឆ្នាំ២០០១​ ស្តីពីការកំណត់​ចំនួនឈ្មោះ និងព្រំប្រទល់ឃុំ សង្កាត់ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

ក្នុងការធានាដល់ការចាត់ចែង​ការងារ​និងកិច្ច​អភិវឌ្ឍន៍ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់​ត្រូវ​រៀប​ចំគណៈ​កម្មការ​ ធ្វើការសិក្សាស្រាវជ្រាវ ហើយលើកសំណើសុំបង្កើតភូមិថ្មី​ ឬបំបែក ឬ​រំសាយ និង​បង្រួមភូមិចំណុះឃុំ សង្កាត់របស់ខ្លួន ។

យោងតាមមាត្រា​៣០​ នៃច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ " រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវ​ចេញ​សេចក្តី​ណែនាំអំពីបែបបទនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង​ ការផ្លាស់​ប្តូរ​មេភូមិ និងការតែងតាំងជំនួយការភូមិ " ។ អាស្រ័យហេតុនេះក្រសួងមហាផ្ទៃ​បានចេញ​សេចក្តី​ណែនាំលេខ ០០៤សណន ចុះថៃ្ងទី ១៧ ខែមីនា ឆ្នាំ២០០៦​ ស្តីពីបែបបទ​នីតិវិធីនៃការ​ជ្រើសរើស​មេភូមិ ការ​ចូល​កាន់តំណែង ការផ្លាស់​ប្តូរ​មេភូមិ ការតែងតាំងជំនួយ​ការ​មេភូមិ និងតួនាទីភារកិច្ច របៀប​របប​ធ្វីការរបស់ភូមិ ចែងថាៈ ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់​បានសម្រេច​ឯកភាព​លើសំណើ​សុំបងើ្កត​ភូមិថ្មី ឬបំបែក ឬរំសាយ និងបង្រួមភូមិបញ្ចូលគ្នា​ស្របតាម​នីតិវិធី ហើយ​មេឃុំ ចៅសង្កាត់​ត្រូវរៀបចំ​សំណើ​នោះ​ទៅអភិបាលរាជធានី ខេត្តសាមី ។ ក្រោយ​ពី​បាន​ទទួល​សំណើ​នេះ ហើយ​ពិនិត្យ​វាយតម្លៃ​ស្រប​តាមលក្ខណៈ​វិនិច្ឆ័យ​ហើយ អភិបាល​រាជធានី ខេត្ត​ ត្រូវលើក​សំណើ​នោះ​មក​ក្រសួង​មហា​ផ្ទៃ ។

នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ខេត្ត​ចែក​ជា​ក្រុង និង​ស្រុក ។ ក្រុង​ចែក​ជាសង្កាត់ ហើយ​ស្រុក​ចែក​ជា​ឃុំ សង្កាត់ ។

រាជធានីភ្នំពេញចែកចេញជាខណ្ឌ ។ ខណ្ឌចែកជាសង្កាត់ ។ដោយឡែកភូមិ​មិនមែន​ជា​ថ្នាក់​រដ្ឋបាល ឡើយ ។

​ឆ្នាំ២០០១ ព្រះរាជា​ណា​ចក្រ​កម្ពុជា​មាន​ចំនួន​២៤ខេត្ត ក្រុង រួម​មាន​១៨៥​ស្រុក ខណ្ឌ​​ ១៦២១​ឃុំ​ សង្កាត់ និងមាន​ភូមិ​ចំនួន ១៣៧០៧​ភូមិ ។ ដោយសារ​មាន​ស្ថានភាព​ប្រែ​ប្រួល​ភូមិសាស្ត្រ សេដ្ឋកិច្ច និង​ស្ថានភាព​ប្រជាសាស្ត្រ​ដែល​តម្រូវ​ឲ្យ​ចំនួន​ភូមិមាន​ការ​ប្រែប្រួល ដូច្នេះ​នៅ​ឆ្នាំ ២០០៨​នេះភូមិ​មាន​ចំនួន ​១៣៨៥០ភូមិ​ ។ ម្យ៉ាងវិញទៀត​នៅឆ្នាំ២០០៩នេះជាបរិបថ នៃការអនុវត្តច្បាប់​ស្ដីពីការគ្រប់គ្រង​រដ្ឋបាលរាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ខណ្ឌ និងផ្អែក​តាមគោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ​ និងវិសហមជ្ឈការ​​ ស្រប​តាម​ផែនការយុទ្ធសាស្ត្រ​​ចតុកោណ​​​​​របស់​រាជរដ្ឋា ភិបាល​ ព្រះរាជាណាចក្រកម្ពុជាត្រូវបែងចែកជា ២៤រាជធានី ខេត្ត (១រាជធានី និង​២៣ខេត្ត) ខណ្ឌ ចំនួន ៨ ស្រុកចំនួន ១៥៩​ និងក្រុង​ចំនួន​ ២៦ ឃុំចំនួន ១៤១៧ និង​​​​​សង្កាត់ចំនួន ២០៤។

ឆ្នាំ២០១០ មានការប្រែប្រួលព្រំប្រទល់រដ្ឋបាលមួយចំនួនរវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយកាត់ឃុំចំនួន២០ ពីខេត្តកណ្តាល មកបញ្ចូល​ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាលឲ្យ​រាជធានីភ្នំពេញ មានសង្កាត់ចំនួន៩៦ និងភូមិចំនួន៨៩៧។​