ថ្នាក់ដឹកនាំភូមិ
ផ្អែកតាមសេចក្តីណែនាំលេខ០០៤សជណ ចុះថៃ្ងទី ១៧ ខែមីនា ឆ្នាំ២០០៦ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការរបស់ភូមិ។ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗត្រូវចាត់ឲ្យមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រងរៀបចំជ្រើសរើសេបេក្ខជនមេភូមិយ៉ាងតិច០៣រូបសម្រាប់ភូមិនីមួយៗក្នុងឃុំ សង្កាត់របស់ខ្លួន។ បេក្ខជនមេភូមិនេះ ត្រូវមានលក្ខណៈសម្បត្តិស្របតាមនីតិវិធីកំណត់។
លក្ខណៈសម្បត្តិនៃបេក្ខជនមេភូមិ និងជំនួយការមេភូមិ : ១. មានសញ្ជាតិខ្មែរ ២. មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ៣. មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ស្នើបេក្ខជន ៤. ចេះអាន និងចេះសរសេរអក្សរខ្មែរ ៥.មានទីលំនៅអចិន្រ្តៃយ៍ក្នុងភូមិដែលបានដាក់ស្នើបេក្ខជននេះយ៉ាងតិច០៦ខែជាប់ៗគ្នា។
មេភូមិត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ។ បេក្ខជនដែលបានជាប់ឆ្នោតជាមេភូមិ គឺជាបេក្ខជនដែលបានទទួលសម្លេងគាំទ្រច្រើនជាងគេដែលមានសម្លេងលើសពីពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ។ដូចនេះការជ្រើសរើសមេភូមិត្រូវអនុវត្តតាមសេចក្ដីណែនាំកំណត់ដោយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសមេភូមិសម្រាប់ភូមិនីមួយៗ តាមនីតិវិធីដូចខាងក្រោម៖
-ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់
-ការជ្រើសរើសបេក្ខជនមេភូមិ
-ការពិនិត្យបេក្ខជនមេភូមិ និងការបង្កើតគណៈកម្មការបោះឆ្នោតជ្រើសរើសមេភូមិ
-កិច្ចដំណើរការបោះឆ្នោតជ្រើសរើសមេភូមិ
-សេចក្ដីសម្រេចតែងតាំងមេភូមិ
ចំពោះការជ្រើសរើសជំនួយការមេភូមិវិញ មេឃុំ ចៅសង្កាត់ត្រូវណែនាំដល់មេភូមិនីមួយៗឲ្យធ្វើការដាក់បេក្ខជនជំនួយការរបស់ខ្លួនជាអនុប្រធាន និងសមាជិកភូមិ រួចហើយលើកសំណើដល់មេឃុំ ចៅសង្កាត់ដើម្បីដាក់ជូនក្រុមប្រឹក្សាខ្លួនអនុម័តយ៉ាងយូរ០៧ថ្ងៃបន្ទាប់ពីការតែងតាំងមេភូមិមក ។ ចំពោះការរៀបចំបេក្ខជនមុខតំណែងជាអនុប្រធាន និងសមាជិកភូមិនីមួយៗត្រូវឲ្យមានបេក្ខភាពជាស្ត្រី នៅក្នុងភូមិណាមួយមានមេភូមិជាបុរស ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុម័តដោយលើកដៃលើបេក្ខជនអនុប្រធាន និងសមាជិកភូមិនីមួយៗនៃឃុំ សង្កាត់របស់ខ្លួនតាមសម្លេងភាគច្រើននៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ។ ដូច្នេះការជ្រើសរើសជំនួយការមេភូមិត្រូវអនុវត្តតាមសេចក្ដីណែនាំកំណត់ដូចជាៈ
-ការប្រជុំជាមួយមេភូមិដែលទើបតែងតាំងថ្មី
-ការជ្រើសរើសបេក្ខជនជំនួយការមេភូមិ
-ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់
-សេចក្ដីសម្រេចតែងតាំង
ការតែងតាំងការជ្រើសរើសមេភូមិ និងជំនួយការមេភូមិៈ មេភូមិ និងជំនួយការមេភូមិត្រូវតែងតាំងដោយសេចក្តីសម្រេចរបស់មេឃុំ ចៅសង្កាត់ ។ មេឃុំ ចៅសង្កាត់ត្រូវចេញសេចក្ដីសម្រេចតែងតាំងមេភូមិទាំងនោះមួយភូមិៗ ដាក់ដោយឡែកពីគ្នា។ ដោយឡែកបេក្ខជនជំនួយការមេភូមិដែលក្រុមប្រឹក្សាឃុំ សង្កាត់បានអនុម័តយល់ព្រមរួចហើយមេឃុំ សង្កាត់ ត្រូវចេញសេចត្ដីសម្រេចតែងតាំងជំនួយការមេភូមិនីមួយៗនោះ។ ដូច្នេះក្នុងមួយភូមិដែលមានថ្នាក់ដឹកនាំចំនួនបីរូបនោះយ៉ាងហោចណាស់ក៏មានស្ត្រី ០១រូបដែរ។
អាណត្តិការងារ និងការបាត់បង់មុខតំណែងៈ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ មិនត្រូវបានចាត់ទុកជាមន្ត្រីថ្នាក់រដ្ឋបាលឡើយ និងមិនត្រូវបានកំណត់អាណត្តិការងារផងដែរ ហើយត្រូវបានបន្តការងាររហូតដល់មានការតែងទាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិថ្មីមកជំនួស។
ប៉ុន្តែមេភូមិ និងជំនួយការមេភូមិត្រូវបាត់បង់មុខតំណែងក្នុងករណីណាមួយដូចជា៖
-សាមីខ្លួនទទួលមរណភាព
-សាមីខ្លួនដាក់ពាក្យសុំលាឈប់ពីមុខតំណែងជាលាយល័ក្ខណ៍អក្សរ
-សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថកិច្ច
-សាមីខ្លួនត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត នៃឃុំ សង្កាត់របស់ខ្លួន
-សាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ
-សាមីខ្លួនផ្លាស់ទីលំនៅទៅភូមិផ្សេង
-សាមីខ្លួនមានកំហុសខុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់ពីមុខតំណែងដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។