ប្រាក់ឧបត្ថម្ភភូមិ
មេភូមិ និងជំនួយការមេភូមិ ជាតំណាងនៅថ្នាក់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋតែមិនបានចាត់ចូលជាមន្ត្រីក្នុងថ្នាក់រដ្ឋបាលឡើយ។ ផ្អែកតាមមាត្រា ៣០ នៃច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ៈ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗត្រូវរៀបចំជ្រើសរើសឲ្យមានមេភូមិម្នាក់សម្រាប់ភូមិនីមួយៗចំណុះឃុំ សង្កាត់របស់ខ្លួន។ មេភូមិត្រូវរៀបចំចាត់តាំងឲ្យមានអនុប្រធានភូមិមួយរូប និងសមាជិកមួយរូបជាជំនួយការ។
កន្លងមកមានតែប្រធានភូមិប៉ុណ្ណោះបានទទួលប្រាក់លើកទឹកចិត្តដើម្បីជួយបម្រើការងារ និងផ្ដល់សេវាផ្សេងៗដល់ប្រជាពលរដ្ឋទើបមានកំណត់ប្រាក់ឧបត្ថម្ភសម្រាប់ប្រធានភូមិចំនួន២២.០០០រៀលក្នុងមួយខែដែលជាកញ្ចប់ថវិកាសាលាខេត្ត ក្រុងត្រូវបើកជូនមេភូមិទៅតាមការកំណត់នៅក្នុងអនុក្រឹត្យលេខ ០២៧ អនក្រ ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៩៤។
នៅក្នុងរយះពេលអន្តរកាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី១ រាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តនូវប្រាក់ឧបត្ថម្ភប្រធានភូមិម្នាក់ចំនួន ៣០.០០០រៀល សម្រាប់ខែកុម្ភះ ឆ្នាំ២០០២។ ប៉ុន្តែក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ចាប់ពីខែមីនា ឆ្នាំ២០០២កន្លងមកថវិការបស់ប្រធានភូមិបានផ្ទេរពីកញ្ចប់ថវិកាសាលាខេត្ត ក្រុងទៅក្នុងគណនីមូលនិធិឃុំ សង្កាត់ដើម្បីបើកប្រាក់ឧបត្ថម្ភជូនប្រធានភូមិមួយរូបត្រឹម ២២.០០០រៀលក្នុងមួយខែ តាមសេចក្ដីណែនាំលេខ ០១០ សណន ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ ស្ដីពីការប្រាក់បៀវត្សជូនស្មៀនឃុំ សង្កាត់ ប្រាក់ឧបត្ថម្ភ ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានភូមិ។
ផ្អែកតាមសេចក្ដីណែនាំលេខ ០០៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ ស្ដីពីបែបបទនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ របស់ក្រសួងមហាផ្ទៃ មេភូមិ និងជំនួយការមេភូមិ(អនុប្រធានភូមិមួយរូប និងសមាជិកមួយរូប) ត្រូវកើតឡើងដោយការបោះឆ្នោតពីក្រុមប្រឹក្សាឃុំ សង្កាត់។ ក្រោយពីការជាប់ឆ្នោតជាស្ថាពរហើយ មេឃុំ ចៅសង្កាត់ ត្រូវចេញសេចក្ដីសម្រេចតែងតាំង មេភូមិ និងជំនួយការមេភូមិក្នុងសេចក្ដីសម្រេចដោយឡែក ( ក្នុងមួយភូមិៗមានថ្នាក់ដឹកនាំចំនួនបីរូប )។
ដើម្បីជាលើកកម្ពស់សមត្ថភាពការងារ និងការទទួលខុសត្រូវតាមតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំភូមិ មន្ត្រីភូមិទាំងបីរូបត្រូវទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដោយទទួលបានប្រាក់ឧបត្ថម្ភ ជាប្រចាំខែ ដែលជាចំណាយទាំងនេះស្ថិតនៅក្នុងបន្ទុកថវិកាសមាសភាគរដ្ឋបាលទូទៅរបស់ចំណាយ សម្រាប់ប្រតិបត្តិការរដ្ឋបាលនៃមូលនិធិឃុំ សង្កាត់ ដូចមានចែងក្នុងមាត្រា ១៥ នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០០២ ស្ដីពីមូលនិធិឃុំ សង្កាត់ និងសម្រាប់ចំណាយឧបត្ថម្ភមន្ត្រីភូមិ និងដូចមានកំណត់តាមអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧ ស្ដីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់។
¤លើសពីនេះប្រាក់ឧបត្ថម្ភរបស់ថ្នាក់ដឹកនាំភូមិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដោយបានដំឡើងប្រាក់ក្នុងមួយភូមិចំនួនពី ២២.០០០រៀល រហូតដល់ ១០០.០០០រៀល ក្នុងមួយខែ ដោយគិតចាប់ពីខែមករា ឆ្នាំ២០០៨ ដូចមានចែងក្នុងអនុក្រឹត្យលេខ ១១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧ ស្ដីពីការកំណត់ប្រាក់ឧបត្ថម្ភចំពោះមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ដូចជាៈ១-មេភូមិ ៤០.០០០រៀលក្នុងមួយខែ ២-អនុប្រធានភូមិ ៣៥.០០០រៀលក្នុងមួយខែ ៣-សមាជិកភូមិ ២៥.០០០រៀលក្នុងមួយខែ។
¤ទន្ទឹមនេះដែរ ប្រាក់ឧបត្ថម្ភប្រចាំខែរបស់មន្រ្តីភូមិក្នុងមុខតំណែងត្រូវបានកំណត់ចាប់ពីឆ្នាំ ២០១១ ដូចមានក្នុង អនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ស្ដីពីការកំណត់ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រាក់ឧបត្ថម្ភចំពោះមេភូមិ និងសមាជិក ភូមិ តម្រូវឱ្យមេភូមិទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ ០០០រៀល ក្នុងមួយខែ អនុប្រធានភូមិ ចំនួន៥០ ០០០ រៀល ក្នុងមួយខែ និងសមាជិកភូមិចំនួន ៤០ ០០០ រៀល ក្នុងមួយខែ។