ព័ត៌មានលម្អិត
សិក្ខាសាលាផ្ទៃក្នុងអំពីមុខងារជាសក្តានុពលសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់
ដោយមានការឧបត្ថម្ភ និងការសហការពីគម្រោង SPACE របស់អង្គការ GIZ សម្ព័ន្ធភាពជាតិនៃក្រុមប្រឹក្សាឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពីការពិនិត្យមើលមុខងារជាសក្តានុពលរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅសណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ រាជធានីភ្នំពេញ រយៈពេល២ថ្ងៃ នាថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១១ ដើម្បីពិភាក្សាមុខងារដែលគួរប្រគល់ឲក្រុមប្រឹក្សាឃុំ សង្កាត់ និងកំណត់មុខងារនេះជាមុខងារជម្រើស ឬមុខងារជាកាតព្វកិច្ច។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះរួមមានថ្នាក់ដឹកនាំ បុគ្គលិកសម្ព័ន្ធភាពជាតិឃុំ សង្កាត់ ទីប្រឹក្សាគម្រោង SPACE, GIZ, ក្រុមគាំទ្ររបស់ក្រសួងមហាផ្ទៃដល់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ប្រធាន អនុប្រធានសមាគមក្រុមប្រឹក្សាទូទាំង២៤ រាជធានី ខេត្ត សរុបចំនួន៨២នាក់។
លោកស្រី Katharina អ្នកសម្របសម្រួលគម្រោង SPACE មានចំណាប់អារម្មណ៍ទាក់ទងនឹងការសហការរវាង GIZ ជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់ និងបានបង្ហាញពីការចូលរួមគាំទ្រការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅកម្ពុជាកន្លងមក។
លោក វន ស៊ីផា អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ និងជាតំណាងក្រុមគាំទ្រសម្ព័ន្ធភាពជាតិបានថ្លែងថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់បាននឹងកំពុងធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការបំពេញតួនាទីបម្រើផលប្រយោជន៍សមាជិករបស់ខ្លួន។ លោកសង្ឃឹមថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងតួនាទីភារកិច្ច មុខងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយដែលលទ្ធផលនេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ផ្តល់អនុសាសន៍ ក្នុងដំណើរការពិនិត្យមុខងារឡើងវិញរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ បានលើកយកសកម្មភាពនានាដែលសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់ បានអនុវត្តកន្លងមក ទាក់ទងនឹងការរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងបានលើពីចំណុចសំខាន់នៃច្បាប់គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អង្គសិក្ខាសាលានឹងធ្វើការពិភាក្សាលើប្រធានបទចំនួន១០ ដូចជា ១-ការអប់រំ ២-សុខាភិបាល ៣-សេដ្ឋកិច្ច និងការអភិវឌ្ឍជនបទ ៤-ការសម្រុះសម្រួលវិវាទ ៥-សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ៦-ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានទូទៅ ៧-ការគ្រប់គ្រងដី ៨-រដ្ឋបាលដី ៩-ការនេសាទ និង ១០-ព្រៃឈើ។ ក្នុងចំណោមប្រធានបទទាំង១០នេះ មានការងារជាក់ស្តែងចំនួន៦០ ដែលត្រូវកំណត់ឲបានច្បាស់ថា តើការងារណាមួយជាមុខងារជម្រើស និងការងារណាមួយជាមុខងារជាកាតព្វកិច្ច។
លទ្ធផលនៃកិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលានេះ នឹងត្រូវប្រមូលផ្តុំ ដើម្បីរាយការណ៍ជូន គ.ជ.អ.ប ផងដែរ។