នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

22 December 2011

សិក្ខាសាលាប្រជុំបូកសរុបលទ្ធផលការងាររបស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

 នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបាន បើកសិក្ខាសាលា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១១ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១២ ប្រារព្ធឡើងនាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១១ នៅសណ្ឋាគារឆ្នេរជលសារ ខេត្ត ព្រះសីហនុ។ សិក្ខាសាលាត្រូវបានការជួយឧបត្ថម្ភពីអង្គការ UNFPA ហើយបានប្រព្រឹត្ត ទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លេង វី ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃដែលមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន  ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីនាយកដ្ឋាន និងទីប្រឹក្សាសរុបប្រមាណ ៨៥ រូប ស្រី ១១ រូប។ កិច្ចប្រជុំក្នុងនេះមានគោលបំណងពិនិត្យមើលលទ្ធផលការងារប្រចាំឆ្នាំ២០១១ របស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ព្រមទាំងកំណត់បញ្ហាប្រឈម និងរៀចំផែនការសកម្មភាព ឆ្នាំ២០១២។

    បន្ទាប់ពីមតិស្វាគមន៍របស់លោក យិន ម៉ាលីណា ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន រួចមក ឯកឧត្តម លេង វី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន មានប្រសាសន៍ ស្វាគមន៍នាឱកាសបើកកិច្ចប្រជុំដែលមានចំណុចសំខាន់មួយចំនួន។ ការជួបគ្នានេះដើម្បីពិនិត្យ មើលការងាររបស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងរៀបចំផែនការសម្រាប់ឆ្នាំ២០១២ ជាក់ ស្ដែងសម្រាប់ឆ្នាំ២០១១ ទោះបីជួបការលំបាកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំពោះ ការកែទម្រង់ ក៏ដូចជាការធ្វើសមាហរណកម្មនៅក្នុងរចនាសម្ព័ន្ធថ្មី តែយើងបានដោះស្រាយ បញ្ហាយ៉ាងច្រើនទាំងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល និងបញ្ហារបស់ប្រជាជននៅមូលដ្ឋាន បើ ប្រៀបធៀបមុនពេលមានច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុង ខណ្ឌ។ កន្លងមក នាយកដ្ឋានរដ្ឋបាលមូលដ្ឋានមានភារកិច្ចទទួលខុសត្រូវចំពោះមុខក្រសួងដូចជាការគាំទ្រដល់ឃុំ សង្កាត់មានទាំងសមត្ថភាព និងការរៀបចំយន្តការ នីតិវិធីផ្សេងៗដើម្បីជំរុញការអនុវត្តច្បាប់ ឬគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអង្គសិក្ខាសាលាបានផ្ដល់នូវការណែនាំ មួយចំនួនទាក់ទងទៅនឹង ការរៀបចំទិសដៅ និងផែនការសកម្មភាពឆ្នាំ២០១២ ដូចជា ១-ត្រូវ សិក្សាឈ្វេងយល់ពីភារកិច្ចរបស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ដែលផ្អែកតាមផែនការជាតិ រយៈពេល១០ឆ្នាំ។ ២-ការកសាងសមត្ថភាពដល់មន្រ្តីថ្នាក់ក្រោម ជាតិតាមរយៈការពង្រឹង សមត្ថភាពដោយដកយកបទពិសោធន៍រវាងអ្នកពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ទីប្រឹក្សានានា។ ៣-ការងារស្ថាប័នដែលជាទំនាក់ទំនងរវាងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន ដែលត្រូវពិនិត្យកែសម្រួល និងពិគ្រោះយោបល់គ្រប់ផ្នែកពាក់ព័ន្ធ ដូចជា ការកសាងផែនការ ការបណ្ដុះបណ្ដាល និងផ្នែកផ្សេងៗទៀតដែលត្រូវទំនាក់ទំនងគ្នាមិនអាច ដាច់ពីគ្នាបានឡើយ។ ៤-បន្តការរៀបចំ លិខិតបទដ្ឋាននានា ដោយពិនិត្យ និងកែសម្រួល ឡើងវិញចំពោះលិខិតណាដែលបានគាំទ្រ និងមិនបានគាំទ្រដល់ការអនុវត្តច្បាប់។

          ក្នុងរយៈពេល២ថ្ងៃ កិច្ចប្រជុំបានពិភាក្សាការងារមួយចំនួន ដោយបានបែងចែកជា ក្រុមពិភាក្សារៀបចំផែនការសកម្មភាពរបស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋានសម្រាប់ឆ្នាំ២០១២នូវប្រធានបទមួយចំនួនដូចជា ការងាររដ្ឋបាល,ការងារហិរញ្ញវត្ថុឃុំ សង្កាត់,ការងារអប់រំ និងកសាងសមត្ថភាព,ការងារតាម ដាន ត្រួតពិនិត្យ និងគាំទ្រឃុំ សង្កាត់,ការងារផែនការ ស្ថិតិ និងព័ត៌មាន និងការងារស្រាវជ្រាវ បច្ចេកទេស។ ជាលទ្ធផលកិច្ចពិភាក្សាបានរកឃើញបញ្ហាប្រឈម និងបានឯកភាពគ្នារៀបចំ សេចក្ដីព្រាងផែនការសកម្មភាពរបស់ នាយកដ្ឋានរដ្ឋបាលមូលដ្ឋានឆ្នាំ២០១២។

          ការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននេះ តែងតែបានរៀបចំជាប្រចាំ។ ជាក់ស្ដែងលោក យិន ម៉ាលីណា ប្រធាននាយកដ្ឋានរដ្ឋបាល មូលដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន បានចូលរួមសំណេះសំណាលក្នុងពិធីបិទកិច្ចប្រជុំ ដោយបានថ្លែងនូវអំណរអរគុណចំពោះអង្គការ UNFPA តែងតែបានគាំទ្រសកម្មភាពផ្សេងៗ ដូចជា កិច្ចប្រជុំនាពេលនេះ និងសូមអរគុណចំពោះមន្រ្តីនាយកដ្ឋាន និងទីប្រឹក្សា ទាំងអស់ ដែលបានរៀបចំ និងចូលរួមសិក្ខាសាលាប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនោះ លោកប្រធាន នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំផែនការសកម្មភាព របស់នាយកដ្ឋានសម្រាប់ឆ្នាំ២០១២ គឺមានសារសំខាន់ណាស់សម្រាប់រៀបចំសកម្មភាពការងារ របស់នាយកដ្ឋានក្នុងរយៈពេល១ឆ្នាំ ដែលនឹងមានការទាក់ទងយ៉ាងសំខាន់ទៅនឹងកម្មវិធីជាតិ ពិសេសអនុកម្មវិធីទី២ នៃផអ៣។ លើសពីនេះបានដោះស្រាយបញ្ហាប្រឈម និងជាពិសេស យើងត្រូវការសហការ សាមគ្គីគ្នាល្អ ទាំងក្នុងការិយាល័យ និងដៃគូពាក់ព័ន្ធ ដើម្បីឈានទៅ សម្រេចបានជោគជ័យចំពោះបេសកកម្មនិងផែនការការងាររបស់នាយកដ្ឋាន។