ព័ត៌មានលម្អិត
សន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី២
នៅឆ្នាំ២០១១ នេះ ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី២ បានបំពេញការងាររបស់ខ្លួនអស់រយៈពេល ៤ឆ្នាំមកហើយ។ ចំណែកឯក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ជាឆ្នាំទី២ នៃអាណត្តិទី១ របស់ខ្លួនបន្ទាប់ពីត្រូវបានបោះឆ្នោតអសកល នាឆ្នាំ២០០៩។
ក្នុងការឆ្លុះបញ្ចាំងសមិទ្ធផលការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានអនុវត្ត និងកំពុងអនុវត្ត ពិសេស បទពិសោធន៍ដែលទទួលបានពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលកម្ពុជាបាន អនុញ្ញាតជាគោលការណ៍ឱ្យមានការជួបជុំគ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា ដើម្បី រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី២ ដែលនឹងប្រារព្វឡើងនាថ្ងៃទី១៧-១៨ ខែ សីហា ឆ្នាំ២០១១ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសំណេះសំណាលដល់សមាជិក សមាជិកានៃអង្គសន្និបាត។
អង្គសន្និបាតនឹងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួងស្ថាប័ន តំណាងអង្គទូត តំណាងគណបក្សនយោបាយ ដៃគូអភិវឌ្ឍ តំណាងអង្គការសមាគម និងអ្នកពាក់មួយចំនួនប្រមាណ ៧០០នាក់។