នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

22 July 2010

កម្មវិធីពានរង្វាន់ឃុំ សង្កាត់​ខេត្ត​ក្រចេះ​

កាល​ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០១០ នៅ​សាល​មហោ​ស្រព​​ខេត្ត​​ក្រចេះ​​មាន​រៀប​ចំ​សិក្ខា​​សា​លា​​​ស្តី​ពី​កម្ម​​វិធី​ពាន​​រង្វាន់​​ឃុំ សង្កាត់ និង​សង្គម​ស៊ី​វិល​ដើម្បី​ជ្រើស​រើស​រក​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដែល​ទទួល​​បាន​​ពាន​​រង្វាន់​​ឆ្នើម ពាន​រង្វាន់​ពិសេស និង​ពាន​រង្វាន់​លើក​ទឹក​ចិត្ត។ សមាស​ភាព​ចូល​រួម​ក្នុង​សិក្ខា​សាលា​មាន​ដូច​ជា​​គណៈ​កម្មា​ធិការ​ដឹក​នាំ​​កម្ម​​វិធី​​ពាន​រង្វាន់​ថ្នាក់​ខេត្ត និង​គណៈ​កម្មា​ធិការ​បច្ចេក​ទេស​​ថ្នាក់​ខេត្ត ប្រតិ​ភូ​គណៈ​កម្មា​ធិការ​ដឹកនាំ​កម្មវិធី​ពាន​រង្វាន់​ថ្នាក់​ជាតិ​ប្រធាន​មន្ទីរ​​ទាំងអស់​ជុំវិញ​ខេត្ត អភិបាល​ក្រុង ស្រុក តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ក្នុង​ខេត្ត ក្រុម​ប្រឹក្សា និង​ស្មៀន​ឃុំ សង្កាត់​ទាំង​អស់​ក្នុង​ខេត្ត​ក្រចេះ ​សរុប​អ្នក​ចូលរួម​ទាំង​អស់​ចំនួន​១៩៩ នាក់។

              សិក្ខា​សាលា​មាន​កិត្តិយស​ចូលរួម​អធិបតី​ភាព​របស់​ឯក​ឧត្តម ខាំ ភឿន អភិបាល​ខេត្ត​ក្រចេះ។ ឯកឧត្តម បាន​មាន​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​កម្មវិធី​ពាន​រង្វាន់​ឃុំ សង្កាត់ និង​អង្គការ​សង្គម​ស៊ីវិល​ថា ខេត្ត​ក្រចេះ​ទទួល​បាន ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ដាក់​ពាក្យ​របស់​ឃុំ សង្កាត់ ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ឃុំ សង្កាត់​ក្រោម​៥០។ ឯកឧត្តម​ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន សម្ព័ន្ធភាព​ជាតិ​ឃុំ សង្កាត់ និង​គម្រោង​​គំា​​ទ្រ​​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​ដែល​បាន​រៀបចំ​កម្មវិធី​ពានរង្វាន់​នេះ​ឡើង។

              អង្គសិក្ខា​សាលា​​បាន​ស្តាប់​បទបង្ហាញ​រ​បស់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទាំង​៣ ដែល​បាន​ជាប់​ជ័យ​លាភី​​ដើម្បី​ឲ្យគណៈ​កម្មា​​ធិ​ការ​​ដឹកនាំ​ធ្វើការ​វាយតម្លៃ​កំណត់​យក​បេក្ខជន​ជ័យលាភី​ពាន​រង្វាន់​ឆ្នើម ពាន​រង្វាន់​ពិសេស និង​ពាន​​រង្វាន់​លើក​​ទឹក​ចិត្ត។ អង្គសិក្ខា​សាលា​ក៏បាន​ផ្តល់​ឳកាស​ឲ្យ​​អ្នក​ចូលរួម​ទាំងអស់​សួរ​ដល់​ឃុំ​ដែល​ធ្វើបទ​បង្ហាញ​ផង​​ដែរ។ ជា​លទ្ធ​ផល​ ឃុំ​ដែល​ទទួល​បាន​ចំណាត់​​ថ្នាក់លេខ​១ ពានរង្វាន់​ឆ្នើម​គឺឃុំ​ហាន់​ជ័យ​ ទទួល​បាន​ប័ណ្ណ​សរ​សើរ១ និង​ទឹក​​ប្រាក់​៥០០​ដុល្លារ ចំណាត់​​ថ្នាក់​​លេខ​​២ ពាន​រង្វាន់​ពិសេស​គឺឃុំ​សំបុក​ ទទួល​បាន​ប័ណ្ណសរសើរ​១ និង​ទឹកប្រាក់៣​០០​ដុល្លារ និង​ចំណាត់​​ថ្នាក់​លេខ​៣ ពាន​រង្វាន់​​លើក​​ទឹក​​ចិត្ត​គឺឃុំ​​ជ្រោយ​បន្ទាយ ​ទទួល​បាន​ប័ណ្ណ​សរសើរ​១ និង​ទឹក​ប្រាក់​២០០​ដុល្លារ៕