ព័ត៌មានលម្អិត
វគ្គបណ្តុះបណ្តាលការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុសមាគមក្រុមប្រឹក្សាឃុំសង្កាត់

ដោយទទួលបានការគាំទ្រដោយ EC-UNDP និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១-០៤ ខែមិថុនា ឆ្នាំ២០១០ នៅខេត្តព្រះសីហនុ សម្ព័ន្ធភាពជាតិឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់រាជធានី ខេត្ត ក្នុងគោលបំណងពង្រឹង និងកសាងសមត្ថភាពរបស់ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ និងលេខាសមាគម ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារឲកាន់តែមានប្រសិទ្ធភាព។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ប្រធាន អនុប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់រាជធានី ខេត្ត និងលេខាធិការសមាគម ចំនួន៥៥នាក់ ស្រី ១៥នាក់។
ប្រធានបទដែលត្រូវយកមកបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលនេះមានដូចជា៖ នីតិវិធីធ្វើលទ្ធកម្ម វិធីសាស្ត្រក្នុងការប្រើប្រាស់លេខកូដគណនី វិធីសាស្ត្រនៃការរៀបចំផែនការសកម្មភាព និងថវិកា វិធីសាស្ត្រនៃការរៀចំរបាយការណ៍រីកចម្រើន វិធីសាស្ត្រនៃការគ្រប់គ្រងចំណូល ចំណាយ និងរបៀបរៀបចំរបាយការណ៍ចំណូល ចំណាយរបៀបធ្វើបុរេប្រទាន ជម្រះបុរេប្រទាន វិធីសាស្ត្រនៃការធ្វើបន្ស៊ីធនាគារ (Bank Reconciliation) វិធីសាស្ត្រត្រួតពិនិត្យផែនការសកម្មភាព និងថវិកា វិធីសាស្ត្រតាក់តែងលិខិតរដ្ឋបាល និងវិធីសាស្ត្រក្នុងការរក្សាទុកឯកសារ។
វគ្គបណ្តុះបណ្តាលមានកិត្តិយសចូលបើកវគ្គដោយ លោក ឌី សុកផាន ប្រធាននាយកដ្ឋានកិច្ចការនយោបាយ ក្រសួងមហាផ្ទៃ លោក លន់ សៀងលី អនុប្រធានសម្ព័ន្ធភាពជាតិ និងលោក កាន់ ឡឹង ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តព្រះសីហនុ។ លោក ឌី សុកផាន បានមានចំណាប់អារម្មណ៍ទាក់ទងនឹងនីតិវិធីក្នុងការធ្វើសំណើកែសម្រួលឈ្មោះសមាគមក្រុមប្រឹក្សាឃុំ សង្កាត់រាជធានី ខេត្ត។
កម្មវិធីវគ្គបណ្តុះបណ្តាលបានដំណើរការតាមកម្មវិធីគ្រោងទុក ដែលក្នុងនោះក៏មានការលើកឡើងនូវសំណួរយ៉ាងផុលផុសផងដែរ។
វគ្គបណ្តុះបណ្តាលក៏មានកិត្តិយសចូលរួមបិទដោយ ឯកឧត្តម អែវ ប៊ុនថុល អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងជាប្រធានក្រុមគាំទ្របច្ចេកទេសដល់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់ និងលោក លី ប្រាង្គ អនុប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តព្រះសីហនុ។ មានចំណាប់អារម្មណ៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម អែវ ប៊ុនថុល មានមតិផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពិសេសលេខាធិការសមាគម ឲយកចិត្តទុកដាក់យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះមកអនុវត្តការងារក្នុងអង្គភាពរបស់ខ្លួនឲមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ គណៈអធិបតីបានផ្តល់កិត្តិយសចែកវិញ្ញាបនប័ត្រជូនសិក្ខាកាមទាំងអស់ផងដែរ។
វគ្គបណ្តុះបណ្តាលទទួលបានលទ្ធផលល្អ១០០% ដោយសារអ្នកសម្របសម្រួលមានបទពិសោធន៍ខ្ពស់ រយៈពេលបណ្តុះបណ្តាលសមស្របបំផុត ចំណែកឯកម្រិតមេរៀនមានលក្ខណៈសមល្មម ម្យ៉ាងទៀតសិក្ខាកាមក៏មានចំនួនសមរម្យ និងបានខិតខំរៀនសូត្រយ៉ាងយកចិត្តទុកដាក់។