នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

29 April 2009

ការ​ជំរុញ​ការផ្លាស់ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​

ក្រុមប្រឹក្សា​ឃុំ សង្កាត់​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​​​ឃុំ​ សង្កាត់​។ ក្រុមប្រឹក្សា​ឃុំ សង្កាត់​មាន​អាណត្តិ​៥​ឆ្នាំ​ ហើយ​ក្រុមប្រឹក្សា​នីមួយៗ​មាន​សមាជិក​​ចាប់​ពី​ ៥​នាក់​ ដល់​១១​នាក់​​។​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ត្រូវ​បាត់​បង់​សមាជិកភាព​របស់​ខ្លួន​តាម​ករណី​ណាមួយ​ដូចជា​ (១)​ សាមីខ្លួន​ទទួល​មរណភាព (២)​ សាមីខ្លួន​បាត់​បង់​កាយ​សម្បទា​ (៣)​ សាមីខ្លួន​​សុំ​លាលែង​ពីមុខ​តំណែង​ជា​លាយ​ល័ក្ខណ៍​អក្សរ​ (៤) សាមីខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​មជ្ឈិម​ ឬ​ឧក្រិដ្ឋ​ណាមួយ​ (៥)​ សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុមប្រឹក្សា​ឃុំ​​ សង្កាត់​ដោយ​សារ​ប្រព្រឹត្ត​ផ្ទុយ​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ (៦)​ ក្រុមប្រឹក្សា​ឃុំ សង្កាត់​ត្រូវ​រំសាយ​ (៧)​ សាមីខ្លួន​ត្រូវ​បាត់​បង់​សមាជិក​ភាព​ពី​គណបក្ស​នយោបាយ​។​

ក្រុមប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ ក្រុមប្រឹក្សា​ស្រុក​ និង​ក្រុមប្រឹក្សា​ខណ្ឌ​ ត្រូវ​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ក្នុង​មុខ​តំណែង​ដែល​ជា​ការ​បោះ​ឆ្នោត​អ​សកល​ ហើយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០០៩​ នេះ​។​សម្រាប់​ឆ្នាំ​ ២០០៩ នៅ​ក្នុង​គោល​ដៅ​នៃ​ការ​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ បាន​ជំរុញ​​ការ​ផ្លាស់​ប្ដូរ​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​យ៉ាង​គំហុក​។​ ផ្អែក​តាម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ ក្រុម​ប្រឹក្សា​​ខណ្ឌ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ "គ.ជ.ប" ​ត្រូវ​ផ្តល់​សុពលភាព​បញ្ជី​បោះ​ឆ្នោត​​ក្នុង​រយៈ​ពេល​យ៉ាង​តិច​ ៣៥​ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​។​ បញ្ជី​នេះ​ដែល​បាន​ផ្តល់​សុពល​ភាព​ជា​ផ្លូវការ​ហើយ​មិន​អាច​កែប្រែ​បាន​ឡើយ​លើក​លែង​តែ​មាន​អ្នក​បោះឆ្នោត​​​​ (​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​​​)​ណាមួយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទទួល​មរណភាព​។​ ក្នុង​ករណី​នេះ​ ក្រសួង​មហាផ្ទៃ​ត្រូវ​បំពេញ​បែបបទ​ក្នុងរយៈពេល​០៧​ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​ដើម្បី​ឲ្យ​ គ.ជ.ប​ រៀប​ចំ​ដាក់​ជំនួស​ក្នុង​បញ្ជី​បោះឆ្នោត​។​

ដោយ​ឡែក​ក្រសួងមហាផ្ទៃ​ ដែល​មាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ និង​នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ជា​នាយកដ្ឋាន​ជំនាញ​ បាន​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់​ និង​ទទួល​ខុសត្រូវ​ធ្វើ​ការ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចាប់​ពី​ដើម​ខែ​មករា​ មក​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា​ ឆ្នាំ​២០០៩​នេះ​ ដែល​មាន​ក្រុមប្រឹក្សា​បាន​ផ្លាស់​ប្ដូរ​ចំនួន​៥៩៥​នាក់ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ១៩២​នាក់​ គណបក្ស​សម រង្ស៊ី​ចំនួន​៣៤១​នាក់​ គណបក្ស​នរោត្តម​ រណឬទ្ធិ​ចំនួន​៤៧នាក់​ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ចំនួន​១៤​នាក់​ និង​គណបក្ស​ហង្ស​ ដារ៉ា​ ចលនា​ប្រជាធិបតេយ្យ​ ចំនួន​០១​នាក់​។​

ក្នុង​ការ​រៀបចំ​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ទាំង​នេះ តាម​ការ​សង្កេត​របស់​នាយកដ្ឋាន​ឃើញ​ថា​ មាន​សំណុំ​ឯកសារ​មួយ​ចំនួន​នៅ​ជាប់​កក​ស្ទះ​ ឬ​រៀប​ចំ​បែប​បទ​មិន​បាន​ត្រឹមត្រូវ​ពី​មូលដ្ឋាន​មក​ដោយសារ​​ (១)ឃុំ សង្កាត់​មួយ​ចំនួន​នៅ​តាម​ខេត្ត​ដាច់​ស្រយាល​​ជួប​ការ​លំបាក​ក្នុង​ការ​បញ្ជូន​ឯកសារ​ផ្លាស់​ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ​(២)សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ខ្លះ​ត្រូវ​បាន​ក្រសួង​ធ្វើ​ការ​ផ្លាស់ប្តូរ​ ឬ​ទទួល​ស្គាល់​ហើយ​ពុំ​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ផង​ស្រាប់​តែ​សមាជិក​នេះ​បាន​សុំ​លា​ឈប់​ពី​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឬ​ត្រូវ​បាន​បាត់​បង់​សមាជិកភាព​ពី​គណ​បក្ស​នយោបាយ​​ (៣)ឃុំ​ សង្កាត់​ខ្លះ​ទៀត​ មានសមាជិក​ក្រុម​ប្រឹក្សា​ និង​បេក្ខជន​បម្រុង​នៃ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​សុំ​លាលែង​ ឬ​ត្រូវ​បាន​គណបក្ស​នយោបាយ​សាមី​លុប​ឈ្មោះ​ចេញ​ពី​សមាជិក​គណបក្ស​នយោបាយ​ ហេតុនេះ​ហើយ​គណបក្ស​នយោបាយ​ទាំង​នោះ​ត្រូវ​រៀបចំ​បញ្ជី​បេក្ខជន​បម្រុង​បន្ថែម​ថ្មី​ស្នើសុំ​សម្រេច​ជា​ផ្លូវការ​ពី​គ.ជ.ប នេះ​ហើយ​គឺ​ជា​កត្តា​មួយ​ផង​ដែរ​ធ្វើ​ឲ្យ​ការ​រៀបចំ​ប្រកាស​ផ្លាស់​ប្តូរ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មាន​ភាព​យឺតយ៉ាវ​ ដោយ​រង់ចាំ​ការ​រៀបចំ​បង្កើត​បញ្ជី​បេក្ខជន​បម្រុង​ថ្មី។

ដើម្បី​ឲ្យ​ទាន់​សភាព​ការ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខណ្ឌ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០០៩​ ​នេះ​ នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​បាន​ផ្លាស់​ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដោយ​ផ្អែក​តាម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និង​សេចក្តី​ណែនាំ​លេខ​ ០១១​ ស.ណ.ន​ ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០០៨ ស្តីពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​តម្រូវ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ មេឃុំ ចៅ​សង្កាត់​ អាជ្ញាធរ​ដែន​ដី​ និង​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ​។​ ទោះ​បី​មាន​នីតិ​វិធី​នៃ​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ក៏​ដោយ​ ក៏​ក្រសួង​ ឬ​នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​បាន​​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ​។​ ក្នុង​ការ​ជំរុញ​ការ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ លោក​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​បាន​ខិតខំ​ប្រឹងប្រែង​ និង​ចាត់​វិធានការ​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​អន្តរាគមន៍​ទៅដល់​រាជធានី​ ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ​ ឲ្យ​រៀបចំ​ឯកសារ​បញ្ជូន​មក​ក្រសួង​ឲ្យបាន​ទាន់​ពេលវេលា​ និង​បាន​សហការ​ជាមួយ​ គ.ជ.ប គណបក្ស​នយោបាយ​​ ធ្វើការ​ផ្ទៀងផ្ទាត់​ និង​រៀបចំ​ឯកសារ​ឲ្យបាន​ត្រឹមត្រូវ​ដែល​សមស្រប​តាម​នីតិវិធី​កំណត់​ក្នុង​គោល​បំណង​​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​កក​ស្ទះ​សំណុំ​ឯកសារ​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឲ្យ​បាន​តាម​ការ​កំណត់​នៃ​កាលបរិច្ឆេទ​របស់​ គ.ជ.ប ​។