នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

- រូបភាព ៖ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន (Department of Local Administration) ជាអង្គភាពសំខាន់មួយដែលស្ថិតនៅក្រោមចំណុះផ្ទាល់អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ។ ក្នុងការគ្រប់គ្រង និង ដឹកនាំ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ត្រូវរៀបចំអង្គភាពមួយចំនួនដែលមាន តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ ដែលបានកំណត់ក្នុងប្រកាសលេខ ១៩៥០ ប្រ.ក ចុះ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ នៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។
- រចនាសម្ព័ន្ធរបស់នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន មានតួនាទីជាជំនួយការឱ្យអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ អំពីវិមជ្ឈការ និងឃុំ សង្កាត់។ នាយកដ្ឋានរដ្ឋបាលមូលដ្ឋានជាលេខាធិការដ្ឋាន នៃ គណៈកម្មាធិកាជាតិ គាំទ្រ ឃុំ សង្កាត់ សម្រាប់ អាណត្តិ ទី១ នៃ ក្រុមប្រឹក្សា ឃុំ សង្កាត់។ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ដឹកនាំ ដោយ ប្រធានមួយរូប (ប្រធាននាយកដ្ឋាន តែងតាំង ដោយអនុក្រឹត្យ) និងអម ដោយអនុប្រធានមួយចំនួន ជាជំនួយការ (អនុប្រធាននាយក ដ្ឋាន ដែលតែងតាំងដោយ ប្រកាសរបស់ក្រសួងមហាផ្ទៃ)។ នាយកដ្ឋានរដ្ឋបាលមូលដ្ឋានមាន ការិយាល័យមួយចំនួនជាសេនាធិការដែលមានរចនា សម្ព័ន្ធដូចតទៅ ៖
ក-ការិយាល័យរដ្ឋបាល
ខ-ការិយាល័យតាមដាន ត្រួតពិនិត្យ និងគាំទ្រឃុំ សង្កាត់
គ-ការិយាល័យអប់រំ និងកសាងសមត្ថភាព
ឃ-ការិយាល័យផែនការ ស្ថិតិ និងព័ត៌មាន
ង-ការិយាល័យហិរញ្ញវត្ថុ
ច-ការិយាល័យស្រាវជ្រាវបច្ចេកទេស
ការិយាល័យនីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានការិយាល័យមួយចំនួនដែល បានតែងតាំងដោយ ប្រកាសរបស់ក្រសួងមហាផ្ទៃ។
នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន មានតួនាទី ភារកិច្ច បំពេញការងារក្នុងសកម្មភាពដឹកនាំគ្រប់គ្រងនូវកិច្ចការទាំងឡាយដែលក្រសួងមហាផ្ទៃកំណត់ ពិសេសក្នុងការងារវិមជ្ឈការឃុំ សង្កាត់ដែលផ្អែកតាមច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ នៅក្នុងការបំពេញតួនាទី ភារកិច្ចទាំងនោះត្រូវបានកំណត់ និងចែងក្នុងប្រកាសលេខ ១៩៥០ប្រ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០២ ស្ដីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។
