ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
ឃុំ សង្កាត់ជានីតិបុគ្គលដែលកើតឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋានឃុំ សង្កាត់។ ក្នុងដំណើរការអភិវឌ្ឍឃុំ សង្កាត់ ឬការរៀបចំមូលដ្ឋាន ឃុំ សង្កាត់ចាំបាច់បំផុតត្រូវមានមាគ៌ាដែលជាត្រីវិស័យចង្អុលពីជំហានអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន។ ហេតុនេះគ្រប់ឃុំ សង្កាត់ទាំង ១៦២១ទូទាំងប្រទេស ត្រូវកសាងនិងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំ និងអនុវត្តនូវផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងគោលបំណងកំណត់នូវទស្សនវិស័យកម្មវិធី និងកិច្ចអភិវឌ្ឍឃុំ សង្កាត់។ ផែនការអភិវឌ្ឍន៍ត្រូវរៀបចំជាលាយលក្ខណ៍អក្សរទៅតាមសេចក្ដីណែនាំនីតិវិធីរបស់ក្រសួងមហាផ្ទៃ ហើយត្រូវអនុម័តយល់ព្រមដោយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលក្នុងឆ្នាំទី១នៃអាណត្តិរបស់ខ្លួន ហើយត្រូវពិនិត្យឡើងវិញដើម្បីផ្ដល់ទិន្នន័យថ្មីជារៀងរាល់ឆ្នាំ។
.វដ្ដនៃផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងវដ្ដនៃកម្មវិធីវិនិយោគឃុំ សង្កាត់
នៅអាណត្តិទីមួយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ បើកផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងឃុំ សង្កាត់មាត្រា៦៨ចែងថា"រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវណែនាំក្រុមប្រឹក្សាឃុំ សង្កាត់ អំពីនីតិវិធីផ្សេងៗក្នុងការអនុវត្តផែនការដើម្បីត្រួតពិនិត្យ វាយតម្លៃចំពោះការប្រើប្រាស់មូលនិធិសម្រាប់ផែនការអភិវឌ្ឍឃុំ សង្កាត់" ។ ចំណែកមាត្រាទី៧២ចែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវពិគ្រោះពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចេញសេចក្ដីណែនាំអនុវត្តជាក់ស្ដែងនូវបទបញ្ញត្តិនានាដែលបានចែងក្នុងជំពូកទី៦នៃច្បាប់នេះ។ ក្រសួងមហាផ្ទៃបានជួយគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីរៀបចំកសាងអនុវត្តផែនការ និងតាមដានវាយតម្លៃសម្រាប់ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលមានលិខិតបទដ្ឋានគតិយុត្តិមួយចំនួនដូចជាប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការតាមប្រកាសលេខ០៩៨ប្រក ចុះថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០០២ ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ប្រកាសអន្តរក្រសួងលេខ៥៥ប្រក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០២ ស្ដីពីការប្រើប្រាស់សេចក្ដីណែនាំអំពីដំណើរការកសាងផែនការអភិវឌ្ឍឃុំ សង្កាត់ សេចក្ដីណែនាំរបស់ក្រសួងផែនការលេខ ១៥០ផក.សណ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៣ ស្ដីពីការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់និងទម្រង់សៀវភៅផែនការអភិវឌ្ឍន៍ឃុំ សង្កាត់៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ។ ប្រកាស និងសេចក្ដីណែនាំទាំងនេះសម្រាប់ជួយគាំទ្រឃុំ សង្កាត់រៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួន។ ផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ត្រូវជាផែនការយុទ្ធសាស្ត្រសម្រាប់ណែនាំរាល់ការសម្រេចចិត្តអភិវឌ្ឍឃុំ សង្កាត់ និងជាមូលដ្ឋានកសាងកម្មវិធីវិនិយោគ និងពិសេសសម្រាប់រៀបចំថវិកាប្រចាំរបស់ឃុំ សង្កាត់។ ផែនការនេះមានការកំណត់រយៈពេលអនុវត្តសម្រាប់សុពលភាព៥ឆ្នាំ ហើយត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំដើម្បីរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល។
កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គឺសម្រាប់អនុវត្តរយៈពេល៣ឆ្នាំបន្តបន្ទាប់តាមលក្ខណៈរំកិលពីមួយឆ្នាំទៅមួយឆ្នាំ ។ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលមានអត្ថប្រយោជន៍សំខាន់ៗដូចជា ៖ ក-ក្នុងការបង្ហាញនូវទស្សនៈរបស់អ្នកគ្រប់គ្រងធ្វើការពិចារណាគិតគូរនូវអ្វីដែលនិងអនុវត្តនាពេលខាងមុខ ។ ខ-សម្រាប់ជាការពិចារណាយូរអង្វែងលើផ្នែកធនធានធម្មជាតិ និងការរៀបចំកម្មវិធី ។ គ-សម្រាប់បង្ហាញពីតម្លាភាព ការទទួលខុសត្រូវ និងម្យ៉ាងទៀតជាការធ្វើរាល់ឆ្នាំឲ្យស្របតាមស្ថានភាពជាក់ស្ដែង ក្នុងការអនុវត្តកម្មវិធីនេះផងដែរ ។
ក្នុងការរៀបចំដំណើរការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងមានយន្តការសម្រាប់ទទួលខុសត្រូវក្នុងការរៀបចំផែនការរបស់ឃុំ សង្កាត់ ត្រូវមានក្រុមការងារ គណៈកម្មាធិការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់មាត្រា២៧ មេឃុំ ចៅសង្កាត់មានវិធានការចាត់តាំងគណៈកម្មាធិការនានាដើម្បីផ្ដល់យោបល់ និងជួយកិច្ចការនានាតាមការចាំបាច់។ គណៈកម្មាធិការត្រូវយកសមាជិកណាម្នាក់ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើជាប្រធានក៏បាន។ ដូចនេះ គ្រប់ឃុំ សង្កាត់មានគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ "គ.ផ.ថ"។
នៅក្នុងការអនុវត្តដំណើរការកសាង និងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ដែលត្រូវបានណែនាំក្នុងប្រកាសអន្តរក្រសួងលេខ ០៩៨ ប្រក ចុះថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០០២ គឺមានដំណាក់កាលសំខាន់ចំនួន៥ គឺ ១-ការវិភាគទិន្នន័យព័ត៌មាន ២-ធ្វើការកំណត់យុទ្ធសាស្ត្រ ៣-ធ្វើការរៀបចំបង្កើតគម្រោង ៤-ធ្វើការរៀបចំបង្កើតកម្មវិធី ៥-ធ្វើការអនុម័តផែនការ។
នៅក្នុងដំណាក់កាលនីមួយៗនៅក្នុងគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ត្រូវអនុវត្តនូវដំណើរការកសាងផែនការអភិវឌ្ឍចំនួន១១ជំហាន។
- ដំណាក់កាលវិភាគទិន្នន័យ ព័ត៌មាន មានចំនួន ៣ជំហាន (ជំហានទី១ ទី២ និងទី៣)
- ដំណាក់កាលធ្វើការកំណត់យុទ្ធសាស្ត្រ មានចំនួន១ជំហាន(ជំហានទី៤)
- ដំណាក់កាលធ្វើការរៀបចំគម្រោង មានចំនួន៤ជំហាន (ជំហានទី៥ ទី៦ ទី៧ ទី៨)
- ដំណាក់កាលធ្វើការរៀបចំបង្កើតកម្មវិធី មានចំនួន ២ជំហាន (ជំហានទី៩ ទី១០)
- ដំណាក់កាលពិនិត្យ និងអនុម័តផែនការ មានចំនួន១ ជំហាន (ជំហានទី១១)
ក្រុមប្រឹក្សាឃុំ សង្កាត់មានអាណត្តិ៥ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលមានក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីចូលកាន់តំណែង ។ ក្នុងការចូលកាន់តំណែងរបស់ខ្លួន ក្រុមប្រឹក្សាត្រូវមានបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីដំណើរការអនុវត្តការងារឃុំសង្កាត់ ។ ដូចនេះក្នុងការបន្តអាណត្តក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីត្រូវមានការបូកសរុប និងវាយតម្លៃលទ្ធផលការងារនៅអាណត្តចាស់ គឺក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាការវាយតម្លៃផ្ទៃក្នុងលើកិច្ចការឃុំ សង្កាត់ដែលបាន និងកំពុងអនុវត្តដូចមានក្នុងសេចក្ដីណែនាំលេខ០០៧សណន ចុះថ្ងៃទី ០៣ខែសីហាឆ្នាំ២០០៦របស់ក្រសួងមហាផ្ទៃ។
បង្កើតគណៈកម្មការវាយតម្លៃផ្ទៃក្នុងរបស់ឃុំ សង្កាត់ដែលដឹកនាំដោយមេឃុំ ចៅសង្កាត់នៅក្នុងគោលបំណងពិនិត្យបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍ និងការផ្ដល់សេវាកម្មរបស់ឃុំ សង្កាត់ព្រមទាំងសិក្សាលើផលប៉ះពាល់នៃកិច្ចអភិវឌ្ឍ ការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាកម្មរបស់ឃុំ សង្កាត់ និងជាពិសេសការផ្ដល់អនុសាសន៍សម្រាប់ធ្វើការកែសម្រួល សំដៅពង្រឹងការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងរដ្ឋបាល តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងនៃការកសាងផែនការអភិវឌ្ឍសម្រាប់រយៈពេល៥ឆ្នាំ ។ដូចនេះការអនុម័តផែនការអភិវឌ្ឍត្រូវមានការប្រែប្រួល ដោយកាត់បន្ថយអ្វីដែលលំបាកស្មុគស្មាញ និងរកចំណុច ឬគោលដៅថ្មី មកជំនួសបន្តក្នុងទិសដៅអភិវឌ្ឍ ដែលបានរកឃើញតាមការសិក្សាស្រាវជ្រាវ វាយតម្លៃពីក្រសួង ឬទីប្រឹក្សាជំនាញការ និងពាក់ព័ន្ធមួយចំនួន ។
នៅឆ្នាំ២០០៧ អាណត្តិទី២របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងផែនការ និងក្រសួងពាក់ព័ន្ធដូចជា ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគររូនីយកម្ម និងសំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានការជួយគាំទ្រផ្នែកជំនាញបច្ចេកទេសពីអ្នកជំនាញបច្ចេកទេសបានចុះសិក្សាស្រាវជ្រាវអំពីការអនុវត្តដំណើរការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់ហើយបានរៀបចំរបាយការណ៍ជូនគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ឆ្លងតាមរយៈការឆ្លុះបញ្ចាំងនៅក្នុងនៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងការអនុវត្តជាក់ស្ដែងរបស់ឃុំ សង្កាត់ព្រមទាំងស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន និងពិសេសការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្រោយពីការពិភាក្សា និងឯកភាពពី គ.ជ.វ.វ ក្រសួងមហាផ្ទៃ បានចេញគោលការណ៍ណែនាំថ្មី ហើយគោលការណ៍ណែនាំមួយចំនួនត្រូវទុកជានិរាករណ៍។
សម្រាប់អាណត្តិទីពីរនេះ ក្នុងការជួយគាំទ្រដល់ដំណើរការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់បានរៀបចំផែនការផ្អែកតាមការណែនាំរបស់ក្រសួងពាក់ព័ន្ធដូចមានក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ លេខ២៤២៣ ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៧ ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់។ ផ្អែកតាមប្រការ២៣ នៃប្រកាសនេះ ក្រសួងមហាផ្ទៃ និងក្រសួងផែនការបានរៀបចំ និងធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ដើម្បីជូនដំណឹង និងណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈកម្មាធិការកសាងផែនការ និងថវិកា គ.ផ.ថ និង អ្នកពាក់ព័ន្ធផ្សេងទៀតដូចជា ស្មៀនឃុំ សង្កាត់ អ្នកសម្របសម្រួលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ត្រីជំនាញផែនការ និងអ្នកពាក់ព័ន្ធ។ល។ បានយល់ដឹងនឹងឆ្លុះបញ្ចាំងពីដំណើរការកសាងផែនការរបស់ឃុំ សង្កាត់ សម្រាប់រួមចំណែកអភិវឌ្ឍឃុំ សង្កាត់។
ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ (ហៅកាត់ថា "ផ អ ឃ ស”) និង កម្មវិធីវិនិយោគឃុំ សង្កាត់ (ហៅកាត់ថា "ក វិ ឃ ស") ។ ផែនការដែលល្អ គឺផែនការមួយដែលមានយុទ្ធសាស្ត្រដើម្បីសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់មូលដ្ឋាន ឬសហគមន៍ដែលធ្វើឲ្យអ្នកពាក់ព័ន្ធមានការគាំទ្រ ជួយកែលម្អ និងសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅថ្នាក់ឃុំ សង្កាត់។
ដូចគ្នានេះដែរ តាមច្បាប់គ្រប់គ្រងឃុំ សង្កាត់ មេឃុំ ចៅ សង្កាត់ បានបង្កើតគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ និងមានការជួយគាំទ្រពីសំណាក់អភិបាលខេត្ត ក្រុង ដោយបង្កើតយន្តការគាំទ្រការកសាង និងការអនុវត្តផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។ យន្តការនេះដឹកនាំដោយអភិបាលរាជធានី ខេត្ត អង្គភាពរដ្ឋបាលមូលដ្ឋាន រាជធានី ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ។ យន្តការមានសារៈសំខាន់ ដែលបច្ចេកទេសសម្រាប់ជួយគាំទ្រដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។
- ចំពោះគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ មានសមាសភាព មេឃុំ ចៅសង្កាត់ តំណាងក្រុមប្រឹក្សាឃុំ សង្កាត់ដែលជ្រើសរើសតាមការបោះឆ្នោតដោយក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតំណាងចាប់ពី១រូប ដល់៤រូប តាមប្រភេទក្រុមនីមួយៗ ដូចជា ៖ ១រូបសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិកចំនួន ៥រូប ២រូបសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិកចំនួន៧រូប ៣រូបសម្រាប់ក្រុមប្រឹក្សាមានសមាជិកចំនួន៩រូប និង៤រូបសម្រាប់ក្រុមប្រឹក្សាមានសមាសភាពចំនួន១១រូប។ ក្រៅពីនេះសមាសភាពមកពីអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងតំណាងប្រជាពលរដ្ឋ។
- ដំណើរការកសាងផែនការអភិវឌ្ឍ និងមូលនិធិឃុំ សង្កាត់ : ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់មានសុពលភាពរយៈពេល៥ឆ្នាំ ហើយត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគ និងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ត្រូវរៀបចំចងក្រងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ទៅតាមបែបបទ និងនីតិវិធីកំណត់ និងវដ្ដរបស់ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់មាន៥ជំហាន គឺ ជំហានទី១ សេចក្ដីព្រាងអភិវឌ្ឍ និងថវិកា ជំហានទី២ កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការអភិវឌ្ឍឃុំ សង្កាត់ ជំហានទី៣ សេចក្ដីព្រាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ជំហានទី៤ ការអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងជំហានទី៥ ការវាយតម្លៃ ការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
- ដំណើរការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ : កម្មវិធីវិនិយោគឃុំ សង្កាត់ គឺជាផែនការប្រចាំឆ្នាំនៃការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ដែលមានគម្រោងអភិវឌ្ឍ និងថវិកាច្បាស់លាស់។ ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំកសាងកម្មវិធីវិនិយោគឃុំ សង្កាត់ ជារៀងរាល់ឆ្នាំទៅតាមនីតិវិធីកំណត់ និងវដ្ដនៃកម្មវិធីវិនិយោគឃុំ សង្កាត់ មាន៥ជំហាន : គឺជំហានទី១ ការពិនិត្យបញ្ហា ឬតម្រូវការជាមួយប្រជាពលរដ្ឋឡើងវិញ ជំហានទី២ ការរៀបចំគម្រោងវិនិយោគឃុំ សង្កាត់ ជំហានទី៣ សិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ ក្រុង ជំហានទី៤ ការអនុម័តកម្មវិធីវិនិយោគឃុំ សង្កាត់ និងជំហានទី៥ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគឃុំ សង្កាត់។
- ដូចនេះការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ត្រូវដំណើរការតាមនីតិវិធីលម្អិតនៃប្រកាសអន្តរក្រសួង និងសេចក្ដីណែនាំស្ដីពីការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់។
.វដ្ដនៃផែនការអភិវឌ្ឃន៍ឃុំ សង្កាត់ និងវដ្ដនៃកម្មវិធីវិនិយោគឃុំ សង្កាត់